ភ្នំពេញ៖ នៅក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) មុខវិជ្ជាអក្សរសាស្រ្តខ្មែរជាមុខវិជ្ជាគោលសំខាន់ដែលមានក្នុងវិញ្ញាសាប្រឡងទាំងផ្នែកវិទ្យាសាស្ត្រពិត និងផ្នែកសង្គម។នៅក្នុងផ្នែកវិទ្យាសាស្ត្រពិតមុខវិជ្ជានេះ មានរយៈពេល១ម៉ោងកន្លះ ដោយទទួលបាន៧៥ពិន្ទុ។ ចំណែកនៅក្នុងផ្នែកសង្គមមានរយៈពេល ២ម៉ោងកន្លះ ទទួលបាន ១២៥ពិន្ទុ។
អ្នកគ្រូ វណ្ណ ធារ៉ា គ្រូបង្រៀនអក្សរសាស្រ្តខ្មែរ នៅសាលាជំនាន់ថ្មីនៃវិទ្យាល័យព្រះស៊ីសុវត្ថិប្រាប់ពីគន្លឹះសំខាន់ៗក្នុងការសរសេរតែងសេចក្តីឱ្យបានពិន្ទុល្អ ដោយឈរលើគោលការណ៍គ្រឹះធំៗចំនួន ៥។
គ្រូបង្រៀនមុខវិជ្ជាអក្សរសាស្ត្រខ្មែរ អ្នកគ្រូ វណ្ណធារ៉ា បានចែករំលែកថា ក្នុងពេលប្រឡងបាក់ឌុបសិស្សត្រូវតែពិនិត្យលើប្រធានតែងសេចក្តីឱ្យយល់ជាមុនសិន។បន្ទាប់មកត្រូវមើលលើប្រភេទប្រធាន និងឃ្លាបញ្ជាថាគេចង់បានអ្វីឱ្យប្រាដក។ត្រង់ចំណុចនេះ នៅពេលអនុរក្សផ្ដល់វិញ្ញាសា សិស្សគួរតែអានប្រធានវិញ្ញាសាឱ្យបានយ៉ាងតិច៣ទៅ៥ដងមុនចាប់ផ្ដើមសរសេរ។